តារាចម្រៀងតាំងចិត្តខ្ពស់ផលិតបទថ្មីខ្លួនឯង ដោយមិនចម្លងពីគេ និងជាអ្នកនិពន្ធវ័យក្មេង ដែលកំពុងទទួលបានការពេញនិយមពីស្រទាប់យុវជន យុវនារីកម្ពុជា ទាំងក្នុងស្រុក និងក្រៅស្រុក គឺលោក អ៊ាម វន្នី បាននិងកំពុងផលិតបទថ្មី នឹងគ្រោងចេញ Album ចម្រៀងថ្មីចំនួន ១០បទ ស្ថិតក្រោម Logo ខ្លួនឯងផ្ទាល់ (Neebernea Entertainment) នៅក្នុងពេលឆាប់ៗខាងមុខនេះ ខណៈដែលហង្សមាស និង ម៉ៅ ហាជី នូវពុំទាន់បញ្ចប់រឿងកុងត្រាកម្មវិធី Cambodian Idol។
នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ ព្រឹកមិញនេះ លោក អ៊ាម វន្នី បានបង្ហើបប្រាប់ Kqube.net ឲ្យបានដឹងថា នូវមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ លោកនឹងចេញ Album ថ្មី ចំនួន ១០បទ សម្រាប់ជាកាដូឆ្នាំថ្មី ជូនចំពោះទស្សនិកជន អ្នកដែលគាំទ្រលោកទាំងក្នុង និងក្រៅប្រទេស បើទោះជាមកដល់ពេលនេះ លោកនូវមិនទាន់ចូលផលិតកម្មណាមួយដែលជាទ្រនំដើរលើវិថីសិល្បៈឲ្យបានច្បាស់លាស់ក្តី ក៏លោកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផលិតបទចម្រៀងថ្មីដោយខ្លួនឯង ដើម្បីជូនដល់អ្នកគាំទ្រលោកទុកសណ្ដាប់ផងដែរ។
តារាចម្រៀងជើងថ្មីរូបនេះបានបន្តថា Album បទចម្រៀងថ្មី ដែលលោកគ្រោងនឹងចេញនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក “Neebernea Entertainment” នៅមុនចូលឆ្នាំខ្មែរខាងមុខនេះ ភាគច្រើនគឺជាចង្វាក់ញាក់ ហើយបទថ្មីទាំង ១០បទនេះ លោកគ្រាន់តែចេញជា Audio ប៉ុណ្ណោះ មិនទាន់បានចេញជា MV នៅឡើយទេ ព្រោះមានកត្តាខ្លះ មិនអាចប្រាប់ទស្សនិកជនបាន តែក្នុងចំណោមនោះ មានចំនួនមួយបទដែលបានធ្វើជា MV រួចហើយ គឺបទ ”ព្រោះអូនទើបបងគ្មានសង្សារ”។
លោក អ៊ាម វន្នី បានបន្តទៀតថា ក្នុងរយៈពេលកន្លងមកនេះ លោកមានការមមាញឹកច្រើនជាមួយកម្មវិធី Concert និងកម្មវិធីមួយចំនួនទៀតតាមបណ្ដាស្ថានីយទូរទស្សន៍ផងដែរ ប៉ុន្តែទោះជាមមាញឹកយ៉ាងណាលោកនៅតែតាំងចិត្តផលិតបទថ្មី ដើម្បីអ្នកគាំទ្ររបស់លោកដែរ ហើយបើទោះជាលោកមិនទាន់បាននៅជាមួយផលិតកម្មណាមួយក្តី តែលោកក៏មិនអាចឈរនៅស្ងាត់ឈិងដោយមិនមានបទចម្រៀងថ្មីដោយខ្លួនឯងនោះទេ។
គួររម្លឹកថា អតីតបេក្ខជនប្រលងកម្មវិធី Cambodian Idol រូបនេះ នៅមិនទាន់ហ៊ានចូលផលិតកម្មណាមួយឲ្យបានច្បាស់លាស់នោះទេ ខណៈពេលនេះ មើលគំរូ ម៉ៅ ហាជី បាននឹងកំពុងមានរឿងអាស្រូវកុងត្រា ជាមួយក្រុមហ៊ុនហង្សមាស ហើយម្យ៉ាងវិញទៀត ទើបតែថ្មីនេះដែរ លោកក៏បានទំនាក់ទំនងទៅខាងក្រុមហ៊ុន ហង្សមាស ផងដែររឿងកុងត្រាប្រលងកម្មវិធី Cambodian Idol នេះ ប៉ុន្តែខាងក្រុមហ៊ុន ហង្សមាសនូវពុំទាន់បានឆ្លើយតបនៅឡើយ ហេតុដូច្នេះហើយ ទើបលោកសម្រេចចិត្តចេញ Album បទថ្មីរបស់លោកផ្ទាល់ចំនួន ១០បទ ឲ្យបានមុនចូលឆ្នាំខ្មែរនេះ ទើបធ្វើឲ្យអ្នកគាំទ្រលោកមិនស្ងាត់៕

No comments
Post a Comment