អតីតបេក្ខភាពបវរកញ្ញាម្នាក់បានចេញមុខប្រាប់ពីមូលហេតុដែលធ្វើឲ្យនាងសម្រេចចិត្តបោះបង់ចោលឱកាសក្លាយជាបវរកញ្ញាអាមេរិកដើម្បីធ្វើជាមនុស្សប្រុសវិញ។
Ashton Cloby អាយុ ២៣ឆ្នាំ មកពីរដ្ឋ Ohio សហរដ្ឋអាមេរិក ដែលធ្លាប់ជាស្រីស្អាតសក់វែងពណ៌ទឹកមាសពីមុននោះ សព្វថ្ងៃគឺជាបុរសពោរពេញដោយសាច់ដុំមួយរូបនិងកំពុងតែរស់នៅជាមួយមិត្តស្រីរបស់ខ្លួន។ អតីតស្រីស្អាតដែលចាប់ផ្ដើមចូលប្រឡូកក្នុងការប្រកួតសម្រស់តាំងពីអាយុ ១៧ឆ្នាំបានឲ្យដឹងថា កាលពីនៅក្មេងមិត្តភ័ក្ដិរបស់នាងតែងតែច្រណែននឹងរូបសម្បត្តិរបស់នាងជានិច្ច។
Ashton ដឹងថាខ្លួនឯងខុសពីមនុស្សស្រីដទៃទៀតតាំងពីខ្លួននៅក្មេងមកម្ល៉េះ តែដោយសារតែមនុស្សនៅជុំវិញខ្លួនតែងតែសរសើរនាងស្អាត ទើបធ្វើឲ្យនាងកាន់តែពិបាកក្នុងការសារភាពថាខ្លួនស្រលាញ់ភេទដូចគ្នា។ “ម្ដាយរបស់ខ្ញុំចង់ឲ្យខ្ញុំរាំរបាំបាឡេ និងស្លៀករ៉ូប តែខ្ញុំគឺជា tomboy ម្នាក់ហើយខ្ញុំចូលចិត្តលេងបាល់ឱប។ នៅក្នុងជម្រៅចិត្តរបស់ខ្ញុំ ខ្ញុំដឹងថាខ្ញុំនឹងសប្បាយចិត្តជាងនេះបើខ្ញុំជាមនុស្សប្រុសម្នាក់ តែដោយសារតែអ្នករាល់គ្នាសរសើរថាខ្ញុំស្អាត ដូចនេះហើយខ្ញុំបានបោះបង់ចោលនូវចំណង់ចំណូលចិត្តរបស់ខ្លួនឯង ហើយធ្វើតាមអ្វីដែលអ្នករាល់គ្នារំពឹងទុកវិញ។ នៅចុងបញ្ចប់ ខ្ញុំបានសារភាពថា ខ្ញុំស្រលាញ់ស្រីដូចគ្នានៅអាយុ ១៣ឆ្នាំ”។
ជាមួយនឹងរូបសម្បត្តិលេចធ្លោរបស់ខ្លួន Ashton ត្រូវបានគ្រូបង្វឹកបវរកញ្ញាចាប់អារម្មណ៍នៅអាយុ ១៧ ឆ្នាំ ហើយនាងបានចូលរួមប្រកួតក្នុងការប្រលងសម្រស់តូចធំចំនួន ៦ ក្នុងរយៈពេល២ឆ្នាំនិងទទួលបានពានរង្វាន់ជាច្រើន។ “ការប្រកួតចុងក្រោយរបស់ខ្ញុំគឺបវរកញ្ញារដ្ឋ Ohio ដែលអាចនឹងមានឱកាសក្លាយជាបវរកញ្ញាអាមេរិក។ កំឡុងពេលប្រកួតក្នុងកម្មវិធីនេះ ខ្ញុំពិតជាធុញថប់មែនទែន។ ខ្ញុំដឹងថាខ្ញុំនឹងមានអនាគតភ្លឺស្វាងបើសិនជាខ្ញុំនៅប្រកួតតទៅទៀត តែពេលនោះខ្ញុំទ្រាំលែងបានទៀតហើយ។ ខ្ញុំបានសម្រេចចិត្តបោះបង់ចោលការប្រកួតទាំងអស់នោះ”។ ពេលនោះម្ដាយរបស់ Ashton ខូចចិត្តយ៉ាងខ្លាំង និងមិននិយាយរកនាងអស់ជាច្រើនខែ។
Ashton និងមិត្តស្រី
Ashton ចាប់ផ្ដើមចាក់អ័រម៉ូនមនុស្សប្រុសនៅអាយុ ២០ឆ្នាំ។ ១ ឆ្នាំក្រោយមកលោកបានវះកាត់ កាត់សុដន់ទាំងសងខាងចោល។ ប្រាក់នៃការធ្វើការវះកាត់នេះគឺ ៨០០០ដុល្លារហើយត្រូវចំណាយដោយឪពុករបស់និស្សិតផ្នែកកិច្ចការសាធារណៈរូបនេះ។ បុរសកែភេទវ័យ ២៣ រូបនេះកំពុងតែមានគម្រោងកែប្រដាប់ភេទនៅថ្ងៃខាងមុខ៕

No comments
Post a Comment