រឿងថ្មី “វាលស្រែស្នេហ៍ខ្ញុំ” របស់ប៉ុស្តិ៍លេខ៥ ក្រុងពាលីព្រឹកមិញនេះលោក ស៊ិន សុផាត តំណាងឲ្យ ស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្ដិ៍លេខ៥ មានប្រសាសន៍ថាជាប្រភេទរឿងដែលឆ្លុះបង្ហាញពីជីវភាពរស់នៅរបស់ខ្មែរបែបស្រុកស្រែចម្ការសុទ្ធសាធ និងមានបំណងលើកតម្កើងប្រពៃណីវប្បធម៌ខ្មែរ ដែលមានតាំងពីបរមបុរាណមក។
លោក ស៊ិន សុផាត ថ្លែង៖ “បាទ…កន្លងមកយើងឃើញថារឿងខ្មែរភាគច្រើនថតនៅទីក្រុង សម្បូរទៅដោយម៉ូតូឡាន ប៉ុន្តែរឿងថ្មីរបស់ប៉ុស្តិ៍លេខ៥នេះ គឺខាងក្រុមការងារនិងអ្នកដឹកនាំបានច្បិចយកទិដ្ឋភាព និងរបៀបរបបនៃការរស់នៅរបស់ខ្មែរ ការស្លៀកពាក់ក៏ស្ដែងឡើងនៅតាមរបៀបស្រុកស្រែចម្ការដែរ”។
រឿងភាគថ្មីនេះបន្ទាប់ពីរឿង “ភ្លើងស្នេហ៍ភ្លើងឫស្យា” លោក ស៊ិន សុផាត មិនបានលាក់លៀមទេថា រឿងនេះគឺច្នៃចេញពីរឿងថៃកែសម្រួលមកក្លាយជាខ្មែរ ដោយលោកអះអាងថា ធម្មតាការងារដំបូងគឺតែងនៅមានចន្លោះខ្វះខាតដូច្នេះ ទាមទារបកប្រែពីរឿងថៃមកសិន។
រឿងថ្មីនេះ លោកបន្តឲ្យដឹងទៀតថា នៅតែសហការជាមួយក្រុមការងារថៃដដែល ក្នុងនោះមានទាំងផលិតករខ្មែរ និងថៃដុតដៃជើងជាមួយគ្នា។ ទោះយ៉ាងណា លោកចង់បញ្ជាក់ថាមិនមែនត្រូវធ្វើបែបនេះរហួតនោះទេ តទៅថ្ងៃមុខ ខាងផលិតករខ្មែរនឹងមានគម្រោងផលិតរឿងដែលជាស្នាដៃខ្មែរសុទ្ធសាធ ហើយនឹងបកប្រែជាភាសាបរទេសដើម្បីបានយកទៅបង្ហាញនៅបណ្ដាប្រទេសដទៃទៀតផង។
រឿង “វាលស្រែស្នេហ៍ខ្ញុំ”ចូលរួមសម្តែងដោយ កញ្ញា រីយ៉ា លោក ណាខុន យឹម សម្បត្តិ នាយពាង ព្រមតាំងតារាកិត្តិយសជាច្រើនដួងទៀត៕





No comments
Post a Comment