ដោយសារតែការរីករាលដាលដ៏ឆាប់រហ័សនៃជំងឺដ៏កាចសាហាវ Zika បានបង្ខំឲ្យក្រុមហ៊ុនផលិតរថយន្តមួយរបស់ប្រទេសឥណ្ឌាសម្រេចចិត្តផ្លាស់ប្ដូរឈ្មោះរថយន្តម៉ូដែលចុងក្រោយ ដែលត្រៀមចូលទីផ្សារនាពេលដ៏ខ្លីខាងមុខ។
ក្រុមហ៊ុន Tata ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយរបស់ប្រទេសឥណ្ឌាបានប្រាប់ពីមូលហេតុចម្បងដែលពួកត្រូវតែផ្លាស់ប្ដូរឈ្មោះរថយន្តម៉ូដែលថ្មីរបស់ពួកគេ ព្រោះរថយន្តម៉ូដែលថ្មីនោះ មានឈ្មោះ Zica។ ទោះជាសរសេរខុសគ្នា ប៉ុន្តែសូរសម្លេងនៃពាក្យ Zica គឺសឹងតែ ១០០% ហើយដែលស្រដៀងមេរោគដ៏កាចសាហាវ Zika។
ខាងក្រុមហ៊ុនបានបន្តឲ្យដឹងថា Zica ជារថយន្តម៉ូដែលថ្មីដែលពួកគេត្រៀមនឹងដាក់បង្ហាញក្នុងកម្មវិធី Auto Expo 2016 ក្នុងទីក្រុងញ៉ូវដេលី នាចុងខែនេះ។ ពួកគេបានបន្តឲ្យដឹងថា Zica ជារថយន្តដែលរចនាឡើងសម្រាប់អ្នកកីឡាហើយក្រុមហ៊ុនបានជ្រើសរើស Lionel Messi មកធ្វើជាអ្នកតំណាងពាណិជ្ជកម្មរបស់ពួកគេផងដែរ៕

No comments
Post a Comment